នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ក្នុងគោលបំណងត្រួតពិនិត្យឡើងវិញពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៃការអនុវត្តការងារក្នុងមួយឆ្នាំ២០២៤កន្លងមក ដែលរួមមានការងារគ្រប់គ្រង និងប្រើប្រាស់បុគ្គលិក-មន្ត្រីរាជការ ការត្រួតពិនិត្យ វាយតម្លៃសមិទ្ធកម្មលើកទឹកចិត្ត និង/ឬទណ្ឌកម្មវិន័យបុគ្គលិក-មន្ត្រីរាជការរបស់គ្រប់បណ្ដាអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ កិច្ចប្រជុំនេះក៏ជាការដកឃ្លាពីការងារប្រចាំថ្ងៃដើម្បីធ្វើការត្រិះរិះ ពិចារណារួមគ្នាក្នុងការគិតគូរលើការរៀបចំផែនការ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ ក្នុងន័យធានានូវគុណភាព សង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយរបស់នាយកដ្ឋានបុគ្គលិកផងដែរ។