នាយកដ្ឋានបុគ្គលិក បំពេញមុខងារជាសេនាធិការ ឱ្យអគ្គលេខាធិការដ្ឋាន លើការងារបុគ្គលិក ដោយមានតួនាទីនិងភារកិច្ចដូចតទៅ៖
- សហការនិងសម្របសម្រួលជាមួយអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង លើការងារគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង
- បំពេញតួនាទីជាអង្គភាពប្រមូលផ្តុំ លើការងារគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងទាំងនៅថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
- គ្រប់គ្រងបុគ្គលិក មន្រ្តីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ
- រៀបចំផែនការជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការ ផែនការប្តូរប្រភេទក្របខ័ណ្ឌមន្រ្តីរាជការ និងផែនការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា និងពលករអណ្តែតប្រចាំឆ្នាំ
- រៀបចំការតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីរាជការ ជូនកម្មសិក្សាការី
- រៀបចំប្រាក់បៀវត្សប្រចាំខែ ជូនមន្រ្តីរាជការ
- រៀបចំការដំឡើងថ្នាក់ ឋានន្តរស័ក្តិ និងកម្រិតប្រាក់បំណាច់មុខងារជូនមន្រ្តីរាជការ
- រៀបចំការតែងតាំង ឬការប្រគល់ភារកិច្ចជូនមន្រ្តីរាជការ
- រៀបចំការផ្លាស់ ឬការផ្ទេរភារកិច្ចមន្រ្តីរាជការ
- ពិនិត្យនីត្យានុកូលភាព លើដីកាតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់ភារកិច្ចមន្រ្តីរាជការ នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត និងធានាអនុលោមភាពតាមនីតិវិធីជាធរមាន
- រៀបចំការដាក់មន្ត្រីរាជការឱ្យស្ថិតក្រៅក្របខ័ណ្ឌដើម ស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស ឬស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្សដោយបញ្ញត្តិ
- សម្របសម្រួលជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ សម្រាប់មន្រ្តីរាជការ
- សម្របសម្រួលចាត់បញ្ជូនមន្រ្តីរាជការទៅសិក្សានៅក្នុង និងក្រៅប្រទេស
- គ្រប់គ្រងសលាកប័ត្រព័ត៌មានមន្រ្តីរាជការ និងឯកសារបុគ្គលិកផ្សេងៗ
- រៀបចំការស្នើសុំគ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្រ្តីរាជការ
- ត្រួតពិនិត្យផ្ទៀងផ្ទាត់ក្របខ័ណ្ឌ មុខតំណែង និងស្ថានភាពបំពេញការងាររបស់មន្រ្តីរាជការ
- រៀបចំនិងស្នើចាត់វិធានការ ឬការដាក់ទណ្ឌកម្មវិន័យចំពោះមន្រ្តីរាជការដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ ឬបំពានច្បាប់និងបទប្បញ្ញត្តិជាធរមាន
- រៀបចំនិងស្នើលុបឈ្មោះមន្ត្រីរាជការចេញពីក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំនិងស្នើដាក់មន្រ្តីរាជការដល់អាយុឱ្យចូលនិវត្តន៍
- រៀបចំស្នើប្រាក់ធានារ៉ាប់រងសង្គម ប្រាក់ឧបត្ថម្ភ និងស្នើសៀវភៅសម្រាប់ផ្គត់ផ្គង់ជូននិវត្តជន
- រៀបចំ គ្រប់គ្រង ថែរក្សា និងធ្វើបច្ចុប្បន្នកម្មទិន្នន័យមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ទទួលបន្ទុកលើការងារសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
១. ការិយាល័យបុគ្គលិក មានភារកិច្ចដូចតទៅ៖
- រៀបចំផែនការជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការ ផែនការប្តូរប្រភេទក្របខ័ណ្ឌមន្រ្តីរាជការ និងផែនការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យានិងពលករអណ្តែតប្រចាំឆ្នាំ
- រៀបចំការជ្រើសរើសមន្រ្តីឱ្យចូលបម្រើការងារនៅតាមអង្គភាពក្រោមឱវាទក្រសួង
- រៀបចំសំណើពិនិត្យ និងផ្តល់ទិដ្ឋាការលើសលាកប័ត្រព័ត៌មានមន្រ្តីរាជការ ព្រមទាំងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា និងក្នុងតារាងទូទាត់បៀវត្សមន្រ្តីរាជការ
- រៀបចំស្នើសុំតាំងស៊ប់ក្នុងក្របខ័ណ្ឌជូនកម្មសិក្សាការី
- រៀបចំសំណើតែងតាំងមន្រ្តីរាជការ ការប្រគល់ភារកិច្ចជូនមន្រ្តីរាជការ ការផ្ទេរភារកិច្ចមន្រ្តីរាជការ ការផ្លាស់មន្រ្តីរាជការ និងការទទួលស្គាល់ការផ្លាស់មន្រ្តីរាជការ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពិនិត្យនីត្យានុកូលភាព លើដីកាតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់ភារកិច្ចមន្រ្តីរាជការ នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត និងធានាអនុលោមភាពតាមនីតិវិធីជាធរមាន
- រៀបចំលិខិតបញ្ជាបេសកកម្ម លិខិតបង្គាប់ការ ឬសេចក្តីសម្រេចនានា ពាក់ព័ន្ធការងារបុគ្គលិក
- រៀបចំចាត់មន្រ្តីរាជការចូលរួមក្នុងរាល់សកម្មភាពបុណ្យជាតិ អន្តរជាតិ ឬសកម្មភាពសង្គមនានា
- រៀបចំស្នើគ្រប់គ្រងការផ្តល់ និងផ្លាស់ប្តូរអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការក្រសួង និងលិខិតបញ្ជាក់មន្រ្តីរាជការ
- រៀបចំការដំឡើងឋានន្តរស័ក្តិមន្រ្តីរាជការ
- រៀបចំការដាក់មន្ត្រីរាជការឱ្យស្ថិតក្រៅក្របខ័ណ្ឌដើម ឬឱ្យចូលមកបម្រើការងារវិញ បន្ទាប់ពីបានស្ថិតនៅក្រៅក្របខ័ណ្ឌដើម
- រៀបចំស្នើលុបឈ្មោះមន្ត្រីរាជការចេញពីក្របខ័ណ្ឌក្រសួង
- ចូលរួមក្នុងគណៈកម្មការដំឡើងថ្នាក់ ឋានន្តរស័ក្តិ។
២. ការិយាល័យបៀវត្ស មានភារកិច្ចដូចតទៅ៖
- រៀបចំប្រាក់បៀវត្សប្រចាំខែ ជូនមន្ត្រីរាជការ
- រៀបចំប្រាក់បំណាច់មុខងារតាមឋានៈ តួនាទី ជូនមន្ត្រីរាជការ
- រៀបចំការដំឡើងថ្នាក់ ដំឡើងកម្រិតប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការប្រចាំឆ្នាំ
- រៀបចំប្រាក់វិភាជន៍គ្រួសារមន្រ្តីរាជការ
- រៀបចំការដាក់មន្ត្រីរាជការឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស និងដាក់ឱ្យចូលបម្រើការងារវិញ បន្ទាប់ពីស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស
- រៀបចំរបាយការណ៍ចលនាបៀវត្សប្រចាំខែ
- រៀបចំវិញ្ញាបនបត្ររៀបបៀវត្សក្របខ័ណ្ឌថ្មី ដំឡើងថ្នាក់ ឋានន្តរស័ក្តិ ដំឡើងកម្រិតប្រាក់បំណាច់មុខងារ ផ្អាក បន្ត ផ្ទេរ និងផ្តាច់បៀវត្សមន្រ្តីរាជការដែលត្រូវលុបឈ្មោះឬចូលនិវត្តន៍
- រៀបចំតារាងឧបសម្ព័ន្ធមន្រ្តីរាជការដែលស្នើដាក់ឱ្យចូលនិវត្តន៍ប្រចាំឆ្នាំ
- រៀបចំការដាក់មន្រ្តីរាជការដល់អាយុឱ្យចូលនិវត្តន៍ ឬតាមសំណើសុំចូលនិវត្តន៍មុនកាលកំណត់របស់សាមីខ្លួន
- រៀបចំស្នើសុំប្រាក់ឧបត្ថម្ភ និងសៀវភៅសម្រាប់ផ្គត់ផ្គង់ជូននិវត្តជន
- ស្នើសុំគោលការណ៍រៀបចំបែបបទសម្រាប់បើកប្រាក់ធានារ៉ាប់រងសង្គម
- ចូលរួមក្នុងគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្ត្រីរាជការ។
៣. ការិយាល័យត្រួតពិនិត្យបុគ្គលិក មានភារកិច្ចដូចតទៅ៖
- ត្រួតពិនិត្យសកម្មភាពការងាររបស់មន្រ្តីរាជការក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំបែបបទនៃការស្នើគ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្រ្តីរាជការ
- គ្រប់គ្រងបញ្ជីវត្តមាន អវត្តមានមន្ត្រីរាជការ
- ក្នុងករណីចាំបាច់ និងដោយមានការអនុញ្ញាតពីប្រធានស្ថាប័ន អាចចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ក្របខ័ណ្ឌ មុខតំណែង និងស្ថានភាពបំពេញការងាររបស់មន្រ្តីរាជការគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមាន ឬពុំមានការជូនដំណឹងជាមុន
- រៀបចំការដាក់ទណ្ឌកម្មខាងវិន័យ ចំពោះមន្រ្តីរាជការដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ ឬបំពានច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធសហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- រៀបចំការដាក់មន្ត្រីរាជការឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សដោយបញ្ញត្តិ
- រៀបចំការទទួលស្គាល់ឱ្យមន្ត្រីរាជការចូលបម្រើការងារវិញ បន្ទាប់ពីបានស្ថិតក្នុងភាពទំនេរគ្មានបៀវត្សដោយបញ្ញត្តិ
- ពិនិត្យការស្នើសុំអនុញ្ញាតច្បាប់ ឈប់សម្រាក ព្យាបាលជំងឺ មានធុរៈ ឬសម្រាកលំហែមាតុភាពនិងបិតុភាពរបស់មន្រ្តីរាជការ
- ចូលរួមក្នុងការពិនិត្យ និងផ្តល់យោបល់លើសំណើដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ ដល់មន្រ្តីរាជការ។
៤. ការិយាល័យគ្រប់គ្រងការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្ស មានភារកិច្ចដូចតទៅ៖
- គ្រប់គ្រង រៀបចំ និងចាត់បញ្ជូនមន្រ្តីរាជការទៅសិក្សានៅក្នុងនិងក្រៅប្រទេស
- គ្រប់គ្រងបញ្ជីមន្រ្តីរាជការ ទៅតាមគ្រប់កម្រិតសញ្ញាបត្របណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង និងមធ្យមសិក្សា
- រៀបចំពិនិត្យបែបបទ កិច្ចសន្យា និងលិខិតផ្សេងៗរបស់មន្រ្តីរាជការ ដែលទទួលអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស
- សម្របសម្រួលជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស និងវគ្គ បណ្តុះបណ្តាលជំនាញ
- សម្របសម្រួលការទទួលនិស្សិតបំពេញកម្មសិក្សាពីគ្រឹះស្ថានឧត្តមសិក្សាក្នុងនិងក្រៅប្រទេស។
៥. ការិយាល័យគ្រប់គ្រងទិន្នន័យមន្រ្តីរាជការ មានតួនាទីនិងភារកិច្ចដូចតទៅ៖
- រៀបចំ គ្រប់គ្រង ធ្វើបច្ចុប្បន្នកម្មទិន្នន័យ និងស្ថិតិបុគ្គលិកមន្រ្តីរាជការ
- ថែរក្សាទិន្នន័យមន្រ្តីរាជការ រួមទាំងមន្រ្តីរាជការដែលត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ ចូលនិវត្តន៍ មន្រ្តីផ្លាស់ចេញ និងស្ថានភាពអតីតភាពការងារមន្រ្តីរាជការ
- គ្រប់គ្រងលើការផ្លាស់ប្តូរស្ថានភាពរបស់មន្រ្តីរាជការ
- គ្រប់គ្រងថែរក្សាសលាកប័ត្រព័ត៌មានមន្រ្តីរាជការ និងឯកសារផ្សេងៗរបស់បុគ្គលិក
- រក្សារាល់ឯកសារសម្រេចចុងក្រោយ ជាឯកសារក្នុងកុំព្យូទ័រដូចជា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋាន និងឯកសារនានាពាក់ព័ន្ធមន្រ្តីរាជការ
- ប្រមូលផ្តុំឯកសារពាក់ព័ន្ធស្ថានភាពមន្រ្តីរាជការ ពីគ្រប់អង្គភាពក្រោមឱវាទក្រសួង
- សហការក្នុងការពិនិត្យលើទិន្នន័យពីគ្រប់ការិយាល័យពាក់ព័ន្ធ និងក្រុមច្រកចេញចូលតែមួយរបស់នាយកដ្ឋានបុគ្គលិក
- បំពេញតួនាទីជាទីប្រឹក្សាបច្ចេកទេសព័ត៌មានវិទ្យាពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិកនៅក្នុងនាយកដ្ឋានបុគ្គលិក
- គ្រប់គ្រងប្រព័ន្ធនិងបណ្តាញកុំព្យូទ័ររបស់នាយកដ្ឋានបុគ្គលិក
- គ្រប់គ្រង និងថែរក្សាប្រព័ន្ធផ្ទុកទិន្នន័យមន្រ្តីរាជការ របស់នាយកដ្ឋានបុគ្គលិក
- កំណត់ និងធានាការអនុវត្តសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងប្រព័ន្ធទិន្នន័យទៅតាមភារកិច្ច និងការទទួលខុសត្រូវតាមការិយាល័យនីមួយៗ
- គ្រប់គ្រងនិងធ្វើបច្ចុប្បន្នកម្មលើគេហទំព័ររបស់នាយកដ្ឋានបុគ្គលិក និងសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ។