នាថ្ងៃទី០៤-០៥ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ស្តីពី ការពង្រឹងការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការ
សេចក្តីណែនាំ | កាលបរិច្ឆេទ: 07-Jul-2024
នាថ្ងៃទី០៤-០៥ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ស្តីពី ការពង្រឹងការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការ និងការពិនិត្យវាយតម្លៃលទ្ធផល ការគ្រប់គ្រងធនធានមនុស្សប្រចាំឆ្នាំ ២០២៣ និង ទិសដៅបន្តក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធានអង្គភាព និងតំណាងអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានសរុបប្រមាណ ៤០០ រូប នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីលទ្ធផល នៃការត្រួតពិនិត្យវាយតម្លៃការគ្រប់គ្រងបុគ្គលិក នៅតាមបណ្ដាអង្គភាពប្រចាំឆ្នាំ ២០២៣ និង ផ្សព្វផ្សាយយន្តការពង្រឹងការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការ ជាពិសេស អំពីដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និង រចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងការប្រកាសដាក់ឱ្យអនុវត្តនូវសៀភៅក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស ឆ្នាំ២០២៤-២០២៨។ សិក្ខាសាលាបានប្រព្រឹត្តទៅដោយរលូន និងមានការពិភាក្សា ឆ្លើយឆ្លងសំនួរចម្លើយយ៉ាងផុសផុល និងទទួលផ្លែផ្កាជាធាតុចូលបានគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះ លោក ប៊ិន កក្កដា ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានថ្លែងបិទបញ្ចប់កម្មវិធីសិក្ខាសាលាជាស្ថាពរ ក្នុងបរិយាកាសដ៏រីករាយបំផុត។