វគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅតាមបណ្តាខេត្តនានា សំរាប់ឆ្នាំ២០១១ ខេត្តដែលបានរៀបចំរួចហើយ រួមមាន៖ ខេត្តព្រះសីហនុ,ខេត្តកំពត,ខេត្តកែប,ខេត្តកំពង់ស្ពឺ,ខេត្តព្រៃវែង,ខេត្តស្វាយរៀង,ខេត្តកំពង់ធំ,ខេត្តកំពង់ចាម,ខេត្តកណ្តាល,ខេត្តតាកែវ,ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិសាត់ ដែលបាន រៀបចំវគ្គបណ្តុះបណ្តាលនៅឆ្នាំ២០១១ និង ខេត្តដែលបានរៀបចំនៅក្នុងឆ្នាំ២០១២ រួមមានៈ ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី, ខេត្តរតនៈគិរី, ខេត្តស្ទឹងត្រែង, ខេត្តព្រះវិហារ, ខេត្តកោះកុង, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និង ឧត្តរមានជ័យ ។ ខេត្ត សៀមរាប គ្រោងនឹងរៀបចំពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១២ និង ខេត្តប៉ៃលិន ពីថ្ងៃទី ០៦-១០ ខែ សីហា ឆ្នាំ២០១២ ខាងមុខនេះ។
សិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានការចូលរួមពី ឯកឧត្តមតំណាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម អភិបាល អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ត នានា ព្រមទាំង ប្រធាន ក្រុមបឹ្រក្សាខេត្ត សមាជិក សមាជិកា ក្រុមបឹ្រក្សាខេត្ត តំណាង ប្រធាន អនុប្រធាន មន្ទីរ គ្រប់មន្ទីរជុំវិញខេត្តផងដែរ ។
-តំណាងលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបង្ហាញអំពីសញ្ញាណនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្របខ័ណ្ឌនៃការរៀបចំដំណើការគ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្ត្រនៃការរៀបចំកម្មវិធីកែទម្រង់ជាដំណាក់កាលនិងជាជំហាន វិសាលភាពនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានពន្យល់ពីចំណុចនិមួយៗ ដែលពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានបង្ហាញផងដែរ អំពីឯកសារយោង និងគេហទំព័រពាក់ព័ន្ធមួយចំនួនជូនអង្គពិធីផងដែរ ។
-តំណាងអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញអំពីប្រភពចំណូលបានមក ពីការប្រមូលពន្ធ ប្រភពចំណូលពន្ធមានដូចជា៖ ពន្ធលើប្រាក់ចំណេញ ពន្ធលើប្រាក់បៀវត្ស ពន្ធលើចំណេញមូលធន ពន្ធកាត់ទុក ពន្ធអប្បបរមា ពន្ធជួលទ្រព្យសម្បតិ្ត ពន្ធប៉ាតង់ ពន្ធលើដីធ្លីមិនប្រើប្រាស់ ពន្ធលើយានជិនិះ ពន្ធតែមប្រិ៍ ពន្ធប្រថាប់ត្រា ពន្ធសត្តឃាត ត្រូវចាត់ទុកជាប្រភេទពន្ធផ្ទាល់ ហើយប្រភេទពន្ធប្រយោលមាន អាករលើតម្លៃបន្ថែម អាករពិសេស អាករលើផលរបរ អាករបំភ្លឺសាធារណៈអាករស្នាក់នៅ ។
-តំណាងនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ បានបង្ហាញអំពីទ្រព្យសម្បត្តិរដ្ឋរួមមាន៖ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ ក្រោមបាតសមុទ្រ អាកាស កោះ ទន្លេរ ព្រែក បឹង ព្រែឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗ ដែលបានកំណត់ថា ជារបស់រដ្ឋនិង មានការសម្បទានដី និង មានការគ្រប់គ្រងទ្រព្យសម្បត្តិដែលស្ថិតនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ។
-តំណាងនាយកដ្ឋានចំណូលមិនមែនសារពើពន្ធ បានបង្ហាញអំពីចំណូលមិនមែនសារពើពន្ធ រួមមានៈ ចំណូលដែល បានមកពីការចាត់ចែង ការធ្វើអាជីវកម្ម និងការលក់ទ្រព្យសម្បត្តិរដ្ឋ ផលបានពីសម្បទាន កម្រៃបានមកពីសេវា សាធារណៈ ផលពីការពិន័យ និងការដាក់ទណ្ឌកម្ម ការឧបត្ថម្ភអំណោយ ផលហិរញ្ញវត្ថុ ផលផ្សេងៗ និងផលពិសេស ដែលមានចំណូលពីសេវាបង់ថ្លៃរបស់រដ្ឋ និងការដាក់ឲ្យដំណើរការបង្កាន់ដៃបង់ប្រាក់ ។
-តំណាងនាយកដ្ឋានថវិកា បានបង្ហាញអំពីថវិកាជាឧបករណ៍គោលនយោបាយ សំរាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធក្នុងការប្រើប្រាស់ធនធានសាធារណៈ ថវិកានៃឆ្នាំនីមួយៗឆ្លុះបញ្ចាំងពីប្រភពចំណូល សម្រាប់បំពេញតម្រូវការអាទិភាពចំណាយប្រចាំឆ្នាំ សំរាប់ចំណាយអាទិភាព និងបានបង្ហាញអំពីគោលដៅឆ្ពោះទៅរកការអនុវត្តថវិកាតាមកម្មវិធីឲ្យបានស្រុង។
-តំណាងនាយកដ្ឋានហិរញ្ញវត្ថុមូលដ្ឋាន បានធ្វើបទបង្ហាញក្នុងនោះបានលើកឡើងអត្តប្រយោជន៍វិមជ្ឈការ គឺការប្រគល់ មុខងារ សិទ្ធិអំណាច និងធនធានដល់ថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅមូលដ្ឋាន និង វិសហមជ្ឈការ ប្រគល់មុខងារសិទ្ធិអំណាច និងធនធានទៅអង្គភាពក្រោមបង្គាប់ ដើម្បីអនុវត្តក្នុងនាមស្ថាប័នសាម៉ី និង វិមជ្ឈការហិរញ្ញវត្ថុជាការ ប្រគល់នូវប្រភពធនធានហិរញ្ញវត្ថុ នានាជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យពួកគេអាចមាន លទ្ធភាពបំពេញនូវមុខងារនានាដែលថ្នាក់ជាតិបានធ្វើប្រតិភូកម្ម សំរាប់គោលការណ៍បែងចែកមុខងារ ប្រកបដោយ សមធម៌គឺជាគោលការណ៍នៃការបែងចែកមុខងារទៅឲ្យរដ្ឋបាលថ្នាក់ទាបបំផុតណាមួយ ប្រសិនបើរដ្ឋបាលថ្នាក់នោះ អាចបំពេញមុខងារនោះមានប្រសិទ្ធភាព និងភាពសកិ្តសិទ្ធ ។
-តំណាងនាយកដ្ឋានហិរញ្ញកិច្ច បានបង្ហាញអំពីទស្សនៈគោលនៃការអនុវត្តចំណាយថវិកា និងការត្រួត ពិនិត្យហិរញ្ញវត្ថុ ដែលរួមមាន និយមន័យ និងគោលបំណងនៃការគ្រប់គ្រងចំណាយថវិកា ម៉ូដែលនៃការត្រួតពិនិត្យហិរញ្ញវត្ថុ បរិបទ នីតិវិធីនៃការត្រួតពិនិត្យហិរញ្ញវត្ថុ និងច្បាប់ពាក់ព័ន្ធ និងការកែទម្រង់ការអនុវត្តថវិកានៅកម្ពុជា ព្រមទាំងបានពន្យល់លំអិតអំពីចំនុចនិមួយៗ ។
-តំណាងនាយកដ្ឋានលទ្ធកម្មសាធារណៈ បានធ្វើបទបង្ហាញអំពី ការដេញប្រគួតប្រជែងជាលក្ខណៈអន្តរជាតិ ការដេញប្រគួតប្រជែងក្នុងស្រុក ការពិគ្រោះថ្លៃ ការស្ទង់តម្លៃ ការចុះកិច្ចសន្យាផ្ទាល់ ការចុះកិច្ចសន្យាជាមួយអង្គភាពជំនាញនិងស្ថាប័នអនុវត្តលទ្ធកម្ម និង លទ្ធកម្មភាគកម្មសហគមន៍ ព្រមទាំងបានពន្យល់អំពីនីតិវិធីលទ្ធកម្មមួយៗ យ៉ាងលំអិតទៀតផង។
-តំណាងអគ្គនាយកដ្ឋានរតនាគារជាតិបានធ្វើបទបង្ហាញអំពី ភារកិច្ចសំខាន់ៗរបស់រតនាគារ និងប្រព័ន្ធគណនេយ្យរដ្ឋាភិបាល រួមមានគណនេយ្យសាធារណៈ គោលការចែកដាច់ភារកិច្ចរវាងអាណាប័កនិងគណនេយ្យករ រចនាសម្ព័ន្ធរបស់ អគ្គនាយកដ្ឋានរតនាគារជាតិ ប្រព័ន្ធគណនេយ្យសាធារណៈ ការទទួលខុសត្រូវរបស់គណនេយ្យកររតនាគារ និងទិសដៅដែលអគ្គនាយកដ្ឋានរតនាគារជាតិចូលរួមក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានបិទគណនេយ្យដែលក្រសួងមន្ទីរបានបើកនៅធនាគារបានរាប់រយគណនេយ្យ។
-តំណាងអគ្គាធិការដ្ឋានបានធ្វើបទបង្ហាញដោយបញ្ជាក់ថា អគ្គាធិការដ្ឋានដើរតួជាឧបករណ៍គន្លឹះនិងជាសេនាធិការដ៏ល្អបំផុត របស់ក្រសួងសេដ្ឋកិច្ចក្នុងការបំពេញមុខងារនិងភារកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបំពេញភារកិច្ចធ្វើអធិការកិច្ចលើការគ្រប់គ្រង និងប្រើប្រាស់ថវិការដ្ឋប្រកបដោយឯករាជភាពចំពោះមុខវិជ្ជានិងវិជ្ជាជីវៈរបស់ខ្លួន ដោយមានការយល់ដឹងពីគោលការណ៍ទទួលខុសត្រូវ និងចូលរួមជាជំហានៗដើម្បីបំបាត់អំពើពុករលួយ ព្រោះថាបើគ្មានការត្រួតពិនិត្យគឺគ្មានគណនេយ្យភាព បើគ្មានគណនេយ្យភាព គឺគ្មានតម្លាភាព បើគ្មានតម្លាភាព គឺមានអំពើពុករលួយ ។
-តំណាងនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានធ្វើបទបង្ហាញថា សវនកម្មផ្ទៃក្នុងគឺជាការអះអាងដោយឯករាជ្យមិនលំអៀង និងធ្វើឲ្យប្រតិបត្តិរបស់អង្គភាពកាន់តែប្រសើរឡើង និងធានាឲ្យបាននូវសេវាកម្មមួយប្រកបដោយស្តង់ដារដែលទទួលស្គាល់ជាទូទៅ និងមានក្រមសីលធ៌មវិជ្ជាជីវៈសវនករផ្ទៃក្នុងព្រមទាំងអាចផ្តល់នូវអនុសាសន៍ដល់សវនដ្ឋាន ព្រមទាំងផ្តល់នូវការធានាដ៏សមស្របមួយទាក់ទងនឹងប្រសិទ្ធភាពនិងប្រសិទ្ធផល នៃប្រតិបត្តិការផ្តល់ព៌តមានទាន់ពេល របាយការណ៍ហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបានដោយអនុលោមតាមបទប្បញ្ញត្តិហិរញ្ញវត្ថុ និងបទដ្ឋានគតិយុត្តិនានា។