នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំលើសេចក្ដីព្រាង និងប្រកាសស្ដីពីការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈបុគ្គលិកមន្ត្រីរាជការ ដោយមានការសម្របសម្រួលពីនាយកដ្ឋានបុគ្គលិក ព្រមទាំងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ កែវ ចរិយារដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ កសហវ. លោកអគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន, លោក លោកស្រីប្រធានការិយាល័យ, មន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គលេខាធិការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់បុគ្គលិកមន្ត្រីរាជការឱ្យប្រកាន់ខ្ជាប់នូវឥរិយាបថការងារល្អប្រពៃក្នុងនាមជាធនធានមនុស្សប្រកបដោយសក្តានុពលនិងផលិតភាពការងាររបស់ក្រសួង និងផ្ដោតសំខាន់លើអភិក្រមការងារ, ក្រមសីលធម៌, បទបញ្ជាផ្ទៃក្នុង និងដែនសមត្ថកិច្ចនៃការអនុវត្តមុខងារ។