នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងគ្រប់គ្រងបុគ្គលិក (Ministry of Personnel Management - MPM) នៃសាធារណរដ្ឋកូរ៉េ, ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារ វាយតម្លៃសមិទ្ធកម្
បេសកកម្ម
|
កាលបរិច្ឆេទ: 26-Feb-2024
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងគ្រប់គ្រងបុគ្គលិក (Ministry of Personnel Management - MPM) នៃសាធារណរដ្ឋកូរ៉េ, ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារ វាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល.) បានដឹកនាំក្រុមការងារ ក.ស.ល ដោយមានការចូលរួមពីលោកប្រធាននាយកដ្ឋានបុគ្គលិក និងជាអនុប្រធានប្រចាំការក្រុមការងារ ក.ស.ល លោកប្រធានលេខាធិការដ្ឋាន ក.ស.ល ព្រមទាំងលោក លោកស្រីជាសមាជិក និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ចូលរួមកិច្ចប្រជុំពិភាក្សាលើប្រធានបទស្តីពី “ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មក្នុងមុខងារសាធារណៈនៃសាធារណរដ្ឋកូរ៉េ” ជាមួយតំណាងនៃក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយឯកឧត្តម PARK YONGSU អគ្គនាយក ទទួលបន្ទុកផ្នែកផែនការនិងសម្របសម្រួល (Director General of Planning and Coordination Bureau)
ក្នុងគោលបំណងសំខាន់ចំនួន ២៖
ទី១ សិក្សា និងដកស្រង់បទពិសោធន៍នៃការអនុវត្តប្រព័ន្ធវាយតម្លៃសមិទ្ធកម្ម និងផ្តល់ការលើកទឹកចិត្តរបស់សាធារណរដ្ឋកូរ៉េក្នុងវិស័យមុខងារសាធារណៈ, ដែលរួមបញ្ចូលទាំងការអនុវត្តគោលការណ៍លើកទឹកចិត្ត និងការអនុវត្តទណ្ឌកម្មវិន័យ
ទី២ សិក្សាស្វែងយល់អំពីគណនេយ្យភាពរបស់អង្គភាពទទួលបន្ទុកគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការនៃសាធារណរដ្ឋកូរ៉េ។
ឆ្លើយតបតាមសំណើសុំដកស្រង់បទពិសោន៍ នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មនៅក្នុងវិស័យមុខងារសាធារណៈនៃសាធារណៈរដ្ឋកូរ៉េ តំណាង ២រូបនៃ ក្រសួងគ្រប់គ្រងបុគ្គលិក បានធ្វើបទបង្ហាញចំនួន ២ ដូចខាងក្រោម៖
⁃ បទបង្ហាញស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងគ្រប់គ្រងបុគ្គលិក នៃសាធារណរដ្ឋកូរ៉េ និងសហប្រតិបត្តិការអន្តរជាតិ, ធ្វើបទបង្ហាញដោយលោក KIM SEHO អនុប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិ
- បទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មនៃមុខងារសាធារណៈរបស់សាធារណរដ្ឋកូរ៉េ, ធ្វើបទបង្ហាញដោយលោក PARK JI YOUNG, អនុប្រធានផ្នែកគ្រប់គ្រងសមិទ្ធកម្មនិងការលើកទឹកចិត្ត
បន្ទាប់ពីតំណាងភាគីសាធារណេរដ្ឋកូរ៉េបានធ្វើបទបង្ហាញចប់ជាស្ថាពរ, អង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងសាកសួរពីគ្នាទៅវិញទៅមកនូវ គោលនយោបាយ, កម្មវិធី, យុទ្ធសាស្ត្រ, ផែនការ, យន្តការ និងនីតិវិធីនានា ដែលជាឧត្តមមានុវត្តន៍នៅក្នុងការប្រតិបត្តិការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សកន្លងមកក្នុងវេទិការសំនួរ-ចម្លើយ យ៉ាងផុសផល និងទទួលបានលទ្ធផលគួរជាទីមោទនៈ។
ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធាន ក.ស.ល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីធ្វើការចែករំលែកនៅបទពិសោធន៍នៃការគ្រប់គ្រងសមិទ្ធកម្មនៅក្នុងវិស័យមុខងារសាធារណៈ។ ជាមួយគ្នានេះ គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េបានសម្តែងការសាទរដល់ការចាប់អារម្មណ៍ដកស្រង់បទពិសោធន៍នៃការអនុវត្តមុខងាររបស់ក្រសួងគ្រប់គ្រងបុគ្គលិក និងថ្លែងអំណរគុណដល់ការចែករំលែកពីនិយាមប្រតិបត្តិនៃការគ្រប់គ្រងគុណផល និងប្រព័ន្ធលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដោយក្រុមការងារ ក.ស.ល និងរំពឹងថាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងទាំងពីរលើការងារគ្រប់គ្រង់ធនធានមនុស្សនឹងកាន់តែល្អប្រសើរនាពេលខាងមុខ៕