នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំ ស្តីពីការវិសាលភាពលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបុគ្គលិកតាមប្រព័ន្ធព័ត៌មានវិទ្យា
កិច្ចប្រជុំ | កាលបរិច្ឆេទ: 26-Dec-2022

នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំ ស្តីពីការវិសាលភាពលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបុគ្គលិកតាមប្រព័ន្ធព័ត៌មានវិទ្យា ជូនតំណាងទទួលបន្ទុកកិច្ចការបុគ្គលិកនៃអគ្គនាយកដ្ឋាននិងអង្គភាពចំនួន ០៦ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន និងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងភាពជាម្ចាស់និងការទទួលខុសត្រូវរបស់អង្គភាពគ្រប់គ្រងបុគ្គលិក ស្របតាមផែនការ​នៃការកែទម្រង់​កិច្ចការបុគ្គលិក សំដៅជំរុញឱ្យមានសមត្ថភាពនិងការយល់ដឹងផ្នែកបច្ចេកទេស ក្នុងក្របខណ្ឌនៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបុគ្គលិករបស់អង្គភាពខ្លួន ដើម្បីអាចជាមូលដ្ឋានក្នុងការតាមដានមន្ត្រី, ស្វែងរកព័ត៌មានមន្ត្រី, ពិនិត្យមើលស្ថិតិមន្ត្រី, ទាញរបាយការណ៍ផ្សេងៗពាក់ព័ន្ធនឹងមន្ត្រី ទាំងជា Exel និង PDF, ការបោះពុម្ពប្រវត្តិរូបមន្ត្រី និងការពិនិត្យព័ត៌មានផ្ទាល់ខ្លួនរបស់មន្ត្រីនៅក្នុង MEF Profile។ ក្រៅពីការផ្សព្វផ្សាយនិងពង្រីកវិសាលភាព, កិច្ចប្រជុំនេះ ក៏មានគោលបំណងប្រមូលធាតុចូល ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងការបំពាក់មុខងារបន្ថែម ឱ្យកាន់តែទំនើប និងផ្តល់ភាពងាយស្រួលដល់មន្ត្រីផងដែរ។