នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួល ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី “ការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការចំនួន ១០០រូប ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាការប្រឡងជ្រេីសរេីសមន្ត្រីរាជការចូលបម្រេីការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួម ពីតំណាងក្រសួងមុខងារសាធារណៈ ដែលដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ ,តំណាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានរតនាគារជាតិ, តំណាងថ្នាក់ដឹកនាំនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្រ្តីពាក់ព័ន្ធ សរុប៣៥ រូប។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា ប្រមូលធាតុចូល និង មតិយោបល់បន្ថែមពីអង្គភាពពាក់ព័ន្ធ ក្នុងន័យធ្វេីយ៉ាងណាឱ្យការប្រឡងប្រជែងជ្រេីសរេីសបេក្ខជនជាមន្ត្រីរាជការចូលបម្រេីការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ ប្រកបដោយប្រសិទ្ធភាព សមធម៌ សក្តិសិទ្ធិភាព និងបរិយាបន្ន។