នាខែមករា ដើមឆ្នាំ២០២៥ លោកប្រធាននាយកដ្ឋានបុគ្គលិកបានដឹកនាំក្រុមការងារនាយកដ្ឋានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារភារកិច្ច ការគ្រប់គ្រង និងការប្រើប្រាស់បុគ្គលិក-មន្ត្រីរាជការ របស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាតំណាងឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានទាំងពីរ អមជាមួយមន្ត្រីជំនាញពាក់ព័ន្ធដទៃទៀត។ គោលបំណងនៃកិច្ចប្រជុំនេះមិនត្រឹមតែជាការចុះត្រួតពិនិត្យនិងវាយតម្លៃលើអនុលោមភាព នៃការគ្រប់គ្រង និងប្រើប្រាស់បុគ្គលិក-មន្ត្រីរាជការប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមពីនេះគឺជាការចុះដោះស្រាយរាល់បញ្ហាប្រឈមទាំងអស់នៅនឹងកន្លែង រួមមានការលុបឈ្មោះ ការផ្ទេរ និងការបង្វែរបៀវត្សត្រលប់ចូលថវិការដ្ឋ។ ទន្ទឹមនេះកិច្ចប្រជុំក៏ពិនិត្យទៅលើយន្តការនៃការប្រើប្រាស់បុគ្គលិក-មន្ត្រីរាជការស្របតាមសមត្ថភាព ចំណេះ ជំនាញ ឧបនិស្ស័យ និងការពង្រាយមន្ត្រីស្របតាមមុខងាររបស់អង្គភាពដើម្បីឈានទៅការបូកសរុប និងគោរពរាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រចាំឆ្នាំលើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងមូល។