នារសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសពាក់ព័ន្ធនឹងការអនុវត្តការងារតាមប្រព័ន្ធគ្រប់គ្រងវិន័យ និងការគ្រប់គ្រងវត្តមានប្រចាំថ្ងៃតាមបច្ចេកវិទ្យាព័ត៌មានជាមួយតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សាលម្អិតបន្ថែម លើប្រព័ន្ធគ្រប់គ្រងវត្តមានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងប្រព័ន្ធគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការរបស់ក្រសួង ឱ្យមានសង្គតិភាព និងឯកសណ្ឋានភាពតែមួយ សំដៅធានាឱ្យការអនុវត្តស្របទៅតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។