កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ក្រុមការងារវិភាគមុខងារកម្រិតបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងសហការីនៃក្រុមការងារវិភាគមុខងារ បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ដឹកនាំដោយលោកជំទាវ តឹក កុស្សនា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសគាំទ្រវិស័យរដ្ឋបាលទូទៅ និងសហការី ដោយផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាពនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានាដែលលេចឡើងក្នុងអំឡុងពេលនៃការអនុវត្តការងារវិភាគមុខងារកន្លងមក។ ជាមួយគ្នានេះ ជំនួបប្រជុំខាងលើក៏បានពិនិត្យផងដែរលើវឌ្ឍនភាពនៃការចូលរួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។