វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

វគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅតាមបណ្តាខេត្តនានា សំរាប់ឆ្នាំ​២០១១​ ខេត្តដែលបានរៀបចំរួចហើយ រួមមាន៖ ខេត្តព្រះសីហនុ,ខេត្តកំពត,ខេត្តកែប, ខេត្តកំពង់ស្ពឺ,ខេត្តព្រៃវែង,ខេត្តស្វាយរៀង, ខេត្តកំពង់ធំ,ខេត្តកំពង់ចាម,ខេត្តកណ្តាល,ខេត្តតាកែវ,ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិសាត់ ដែលបាន រៀបចំវគ្គបណ្តុះបណ្តាលនៅឆ្នាំ២០១១ និង ខេត្តដែលបានរៀបចំនៅក្នុងឆ្នាំ២០១២ រួមមានៈ ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី, ខេត្តរតនៈគិរី, ខេត្តស្ទឹងត្រែង,  ខេត្តព្រះវិហារ, ខេត្តកោះកុង, ខេត្តបាត់ដំបង, ​ខេត្តបន្ទាយមានជ័យ និង ឧត្តរមានជ័យ ។​ ខេត្ត សៀមរាប គ្រោងនឹងរៀបចំពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១២ និង ខេត្តប៉ៃលិន ពីថ្ងៃទី ០៦-១០ ខែ សីហា ឆ្នាំ២០១២ ខាងមុខនេះ។

សិក្ខាសាលាពង្រឹងសមត្ថភាព ស្តី​​ពីការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែលមានការចូលរួមពី ឯកឧត្តមតំណាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ឯកឧត្តម អភិបាល អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ត នានា ព្រមទាំង ប្រធាន ក្រុមបឹ្រក្សាខេត្ត សមាជិក សមាជិកា ក្រុមបឹ្រក្សាខេត្ត តំណាង ប្រធាន អនុប្រធាន មន្ទីរ គ្រប់មន្ទីរជុំវិញខេត្តផងដែរ ។

-តំណាងលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបង្ហាញអំពីសញ្ញាណនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្របខ័ណ្ឌនៃការរៀបចំដំណើការគ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្ត្រនៃការរៀបចំកម្មវិធីកែទម្រង់ជាដំណាក់កាលនិងជាជំហាន វិសាលភាពនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានពន្យល់ពីចំណុចនិមួយៗ ដែលពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានបង្ហាញផងដែរ អំពីឯកសារយោង និងគេហទំព័រពាក់ព័ន្ធមួយចំនួនជូនអង្គពិធីផងដែរ ។

-តំណាងអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញអំពីប្រភពចំណូលបានមក ពីការប្រមូលពន្ធ ប្រភពចំណូល​ពន្ធមានដូចជា៖ ពន្ធលើប្រាក់ចំណេញ ពន្ធលើប្រាក់បៀវត្ស ពន្ធលើចំណេញមូលធន ពន្ធកាត់ទុក ពន្ធអប្បបរមា ពន្ធជួលទ្រព្យសម្បតិ្ត ពន្ធប៉ាតង់ ពន្ធលើដីធ្លីមិនប្រើប្រាស់ ពន្ធលើយានជិនិះ ពន្ធតែមប្រិ៍ ពន្ធប្រថាប់ត្រា ពន្ធសត្តឃាត ត្រូវចាត់​ទុក​ជា​ប្រភេទពន្ធផ្ទាល់ ហើយប្រភេទពន្ធប្រយោលមាន អាករលើតម្លៃបន្ថែម អាករពិសេស  អាករលើផលរបរ អាក​រ​បំភ្លឺ​សាធារណៈអាករស្នាក់នៅ ។

-តំណាងនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ បានបង្ហាញអំពីទ្រព្យសម្បត្តិរដ្ឋរួមមាន៖ ដីធ្លី​ ក្រោមដី ភ្នំ សមុទ្រ​ ក្រោម​បាត​សមុទ្រ អាកាស កោះ ទន្លេរ ព្រែក បឹង ព្រែឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ មូលដ្ឋាន​ការពារ​ប្រទេស សំណង់ផ្សេងៗ ដែលបានកំណត់​ថា ជារបស់រដ្ឋនិង​ មានការសម្បទានដី និង មានការគ្រប់គ្រងទ្រព្យ​សម្បត្តិដែល​ស្ថិតនៅក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ​ដែល​​​​ជាសេនា​ធិការ​របស់រាជរដ្ឋាភិបាល ។